From Wikipedia, the free encyclopedia
ឧបទ្វីបឥណ្ឌូចិន (ឬអាចហៅថា អាស៊ីអាគ្នេយ៍ដីគោក) គឺជាផ្នែកមួយនៃភូមិភាគអាស៊ីអាគ្នេយ៍។ វាស្ថិតនៅភាគខាងកើតនៃឧបទ្វីបឥណ្ឌា និងភាគខាងត្បូងនៃប្រទេសចិន ហើយមានព្រំប្រទល់ជាប់នឹងមហាសមុទ្រឥណ្ឌានៅទិសខាងលិចនិងមហាសមុទ្រប៉ាស៊ីហ្វិកនៅទិសខាងកើត។ ប្រទេសដែលស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិនរួមមាន៖ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា (ឬភូមា) ឧបទ្វីបម៉ាឡេ ថៃ និងវៀតណាម។
ឧបទ្វីបឥណ្ឌូចិន អាស៊ីអាគ្នេយ៍ដីគោក ឥណ្ឌូចិន | |
---|---|
ឧបទ្វីបមួយនៃទ្វីបអាស៊ី | |
ផែនទីសណ្ឋានដីនៃឧបទ្វីបឥណ្ឌូចិន | |
ប្រទេស | កម្ពុជា ឡាវ មីយ៉ាន់ម៉ា (ភូមា) ឧបទ្វីបម៉ាឡេ ថៃ វៀតណាម |
ពាក្យថាឥណ្ឌូចិន (ដើមឡើយឥណ្ឌូ–ចិន) ត្រូវបានគេចាប់ប្រើប្រាស់នៅអំឡុងដើមសតវត្សទី១៩។ ពាក្យនេះគឺសម្តៅមកលើទីតំបន់ដែលទទួលឥទ្ធិពលពីអរិយធម៌ឥណ្ឌានិងអរិយធម៌ចិន។ ក្រោយមក ពាក្យនេះត្រូវបានបារាំងយកមកធ្វើជាឈ្មោះតំណាងឱ្យអាណានិគមខ្លួននៅអាស៊ីអាគ្នេយ៍ដែលហៅថា សហភាពឥណ្ឌូចិន (មានប្រទេសកម្ពុជា ឡាវ និងវៀតណាម)។
ឈ្មោះថា"ឥណ្ឌូ-ចិន"ត្រូវបានលើកឡើងដំបូងដោយភូមិវិទូជនជាតិបារាំងកាត់ដាណឺម៉ាកម្នាក់ឈ្មោះកនរ៉ាត ម៉ាល់តេ-ប៊្រុនដោយគាត់បានសម្តៅលើតំបន់នេះថា indo-chinois នៅអំឡុងឆ្នាំ១៨០៤ ហើយនៅអំឡុងឆ្នាំ១៨០៨ មានភាសាវិទូជនជាតិស្កុតម្នាក់ឈ្មោះចន លីយដិនបានសម្តៅលើតំបន់នេះផងដែរថា Indo-Chinese បន្ទាប់ពីបានយល់ដឹងខ្លះៗអំពីជនជាតិនិងភាសានៃតំបន់នេះ។[1] ក្រោយមកទៀត ពួកបារាំងក៏បានចូលមកធ្វើអាណានិគមកម្មនៅក្នុងតំបន់នេះហើយបានដាក់ឈ្មោះឱ្យវាថា "Indochine française" ក្នុងគោលបំណងចង់បញ្ជាក់ថាឥណ្ឌូចិនគឺជាទឹកដីអាណានិគមរបស់បារាំង។[2] នៅអំឡុងពីពាក់កណ្តាលសតវត្សទី២០ ដល់ទី២១ គេច្រើនសម្តៅលើតំបន់នេះថាឥណ្ឌូចិន ជាពិសេសគឺអ្នកបស្ចឹមបូព៌ាហើយចាប់ពីសតវត្សទី២១ មក ពាក្យថា"អាស៊ីអាគ្នេយ៍ដីគោក"ត្រូវបានគេចាប់ប្រើប្រាស់ជារឿយៗ។[3]
និយាយទៅតាមជីវភូមិសាស្ត្រ ជីវតំបន់ឥណ្ឌូចិនគឺជាតំបន់ដ៏សំខាន់មួយដែលស្ថិតនៅចក្រឥណ្ឌូម៉ាឡាយ៉ាហើយជាតំបន់ភូតគ្រាមរុក្ខភូគព្ភលេខន៍នៅក្នុងរជ្ជៈប៉ាលេអូត្រូពិចទិសបូព៌ា។ វារួមមានពពួកភូតគ្រាមនិងសត្វនិករនៃប្រទេសដែលបានរៀបរាប់នៅខាងលើ។ ផ្ទុយពីតំបន់នេះគឺមានតំបន់ម៉ាឡេស៊ីដែលគ្របដណ្តប់លើប្រទេសអាស៊ីអាគ្នេយ៍ដីកោះហើយលាតត្រដាងតាមចក្រឥណ្ឌូម៉ាឡាយ៉ានិងចក្រអូស្ត្រាឡាស៊ី។[4]
ឧបទ្វីបឥណ្ឌូចិនគឺស្ថិតនៅភាគខាងត្បូងបង្អស់ពីទ្វីបអាស៊ីកណ្តាល។ វាសម្បូរទៅដោយជួរភ្នំជាច្រើនលាតសន្ធឹងពីតំបន់ខ្ពង់រាបទីបេពីភាគខាងជើងប្រសព្វគ្នាជាមួយដីទំនាបដែលមានប្រព័ន្ធទន្លេចំនួនបីហូរកាត់ពីជើងទៅត្បូងមាន៖ ទន្លេឥរាវតី (ប្រទេសភូមា) ទន្លេចៅពញា (ថៃ) និងទន្លេមេគង្គ (ដែលហូរកាត់តំបន់ទិសឥសាន្តនៃប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម)។
អាស៊ីអាគ្នេយ៍ដីគោកគឺមានលក្ខណៈផ្ទុយពីអាស៊ីអាគ្នេយ៍ដីកោះតាមរយៈរបៀបរស់នៅដោយនៅឥណ្ឌូចិនគេរស់នៅដោយពឹងផ្អែកលើ"ដីគោក" រីឯអាស៊ីអាគ្នេយ៍ដីកោះ (រួមមានប្រជុំកោះម៉ាឡេនិងហ្វីលីពីន) គឺគេរស់នៅពឹងផ្អែកលើទឹកសមុទ្រ។ លក្ខណៈខុសគ្នាមួយទៀតគឺភាសាដោយនៅអាស៊ីអាគ្នេយ៍ដីគោកមានគេនិយាយអំបូរភាសាដូចជា៖ ភាសាអូស្ត្រូអាស៊ីទិច ភាសាថៃ–កៈដៃ និងភាសាចិន–ទីបេជាដើមចំណែកឯអាស៊ីអាគ្នេយ៍ដីកោះវិញគឺគេនិយាយភាសាអូស្ត្រូនេស៊ី។ ទោះជាភាសានៃតំបន់អាស៊ីអាគ្នេយ៍ដីគោកជាក្រុមភាសាឯករាជ្យមែនតែពួកវាសុទ្ធតែមានលក្ខណៈស្រដៀងគ្នា (ឧទាហរណ៍៖ ភាសាខ្មែរ ថៃ និងលាវ)។
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដីគោកបានទទួលឥទ្ធិពលវប្បធម៌ពីឥណ្ឌានិងចិនទៅតាមកម្រិតផ្សេងៗគ្នា។[5] វប្បធម៌ខ្លះដូចជា វប្បធម៌ខ្មែរ ថៃ ឡាវ និងម៉ាឡេគឺទទួលឥទ្ធិពលវប្បធម៌ភាគច្រើនពីឥណ្ឌានិងមានមួយផ្នែកតូចប៉ុណ្ណោះដែលមកពីចិន។ វប្បធម៌ផ្សេងៗទៀតដូចជាវៀតណាមគឺទទួលបានពីចិននិងភាគតិចប៉ុណ្ណោះដែលបានមកពីឥណ្ឌា។ គេយល់ឃើញថា វៀតណាមបានទទួលវប្បធម៌ឥណ្ឌាតាមរយៈការឈ្លានពាននិងកាន់កាប់ទឹកដីចម្ប៉ានិងទឹកដីខ្មែរក្រោម។
បច្ចុប្បន្ន បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដីគោកក៏មាននូវវប្បធម៌មួយចំនួនដែលមានដើមកំណើតមកពីបស្ចឹមលោកផងដែរ។ ឥទ្ធិពលទាំងនេះបានឆ្លងមកដល់ឥណ្ឌូចិននៅសម័យកាលនៃការពង្រីកអាណានិគមនិយមនិងចក្រពត្តិនិយមរបស់មហាអំណាចអឺរ៉ុប។
ព្រះពុទ្ធសាសនាគឺជាសាសនាចម្បងនិងនិយមបំផុតនៅអាស៊ីអាគ្នេយ៍ដីគោក។[6][7][8][9][10][11]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.