![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/20/Bust_of_King_Ang_Duong.jpg/640px-Bust_of_King_Ang_Duong.jpg&w=640&q=50)
អង្គដួង
From Wikipedia, the free encyclopedia
ហរិរក្សរាមាឥស្សរាធិបតី (អង់គ្លេស: Ang Duong) (១២ មិថុនា ១៧៩៦ - ១៩ តុលា ១៨៦០) គឺជាព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជាពីគ.ស. ១៨៤៨ ដល់ គ.ស. ១៨៦០ នៅពេលដែលព្រះអង្គឡើងសោយរាជ្យ ព្រះអង្គបានទទួលព្រះបរមងារថា "ព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សាធិបតី ព្រះអង្គដួង"។ ចំណែកឯព្រះនាមក្នុងរាជ្យគឺ "ព្រះករុណា ព្រះបាទសម្តេច ព្រះហរិរក្សរាមាមហាឥស្សាធិបតីស្រីសុរិយាបរមធ្មិស្សា វរបរមសុរិន្រ្ទាភូវណៃមហាចក្រពត្តិពិសេនាសាធិបាឥស្សរាកម្ពុជរាជាណាចក្រ ឧភតោសុជាតិវរ្ម័ន តម្រង់កម្ពុជា មហាប្រទេសសុរិយាណាចក្រភូមិន្ទរាជវិវឌ្ឍន៍ អធិរាជរាមាមហាកាមារដ្ឋធិបាតនរិន្រ្ទារាជវិសុទ្ធបរមពោធិ ព្រះចៅក្រុងកម្ពុជាធិបតី"។
ដួង | |
---|---|
ព្រះចៅក្រុងកម្ពុជា | |
![]() | |
ព្រះមហាក្សត្រកម្ពុជា | |
រជ្ជកាល | ១៨៤៨ – ១៨៦០ |
អង្គមុន | អង្គម៉ី |
អង្គក្រោយ | នរោត្តម |
ប្រសូត | ១២ មិថុនា ១៧៩៦ ភ្នំឧដុង្គ |
សុគត | ១៩ តុលា ១៨៦០ ភ្នំឧដុង្គ |
រាជពន្ធភាព | អ្នកម៉ែនាងប៉ែន អ្នកម៉ែនាងពៅ ព្រះស្នំឯក អ្នកព្រះនាង ផលទិព្វសុវណ្ណ |
រាជបច្ឆាញាតិ | នរោត្តម ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ស៊ីវត្ថា |
បិតា | អង្គអេង |
មាតា | អ្នកម្នាងរស់ |
សាសនា | ថេរវាទ |
ព្រះបាទអង្គដួង ប្រសូតនៅឆ្នាំ១៧៩៦ ។ ព្រះអង្គគឺជាព្រះរាជបុត្រពៅរបស់ស្តេចអង្គអេង (១៧៩៤-១៧៩៧) ហើយបានភៀសព្រះកាយទៅគង់នៅឯសៀម ជាង១ទសវត្ស។ ព្រះបាទអង្គឌួង ត្រឡប់មកស្រុកខ្មែរវិញនៅឆ្នាំ១៨៤១ ដែលយើងអាចទុកថា ព្រះអង្គសោយរាជសម្បត្តិចាប់តាំងពីពេលនោះមកពិតមែន តែម្ចាស់ក្សត្រីអង្គម៉ី មិនទាន់ចូលទីវង្គត់នៅឡើយ។ ដោយសន្ធិសញ្ញារវាង សៀម និង យួននៅខែធ្នូ ឆ្នាំ១៨៤៥ បានសុះស្រួលប្រគល់រាជបល្ល័ង្កខ្មែរមកព្រះបាទអង្គដួងវិញ។ បានទទួលពិធីរាជាភិសេកនៅរាជធានីឧដុង្គ នាថ្ងៃទី៧ មីនា ១៨៤៨ ក្នុងព្រះជន្មាយុ៥២ ព្រះវស្សា ។ បន្ទាប់ពីឡើងសោយរាជ្យភ្លាម ព្រះអង្គចាប់ផ្តើមកសាងជាតិឡើងវិញ ដោយប្រើថវិកាជាតិពីឃ្លាំងរាជវាំង បង្កើតស្ថាបន័ផ្នែកសង្គមកិច្ចពោលគឺ ប្រជារាស្រ្តក្រីក្រ និង ព្រះសង្ឃ អាចមកទទួលអាហារស្រស់ស្រូបប្រចាំថ្ងៃបាន។ ព្រះអង្គបានបន្ថយពន្ធដារនានា ហើយសុវត្តិភាពក៏បានកើតឡើងវិញក្នុងប្រទេសដោយព្រះអង្គបានបង្កើតរចនាសម្ព័ន្ធនានាសម្រាប់បង្រ្កាបចោរកម្ម និង បទឧក្រិដ្ឋផ្សេងៗ។ នៅឆ្នាំ១៨៤៨ ព្រះបាទអង្គដួង បានបង្កើតតុលាការ សាលាឧទ្ធរណ៍ ហើយព្រះអង្គផ្ទាល់ជាអធិបតីលើតុលាការទី២ នេះ។ ចាប់ពីឆ្នាំ១៨៥៣ បានចាប់ផ្តើមពិនិត្យសើរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គបានចូលរួមជាសកម្ម។ ព្រះបាទអង្គដួង បានឲ្យបោះប្រាក់រូបហង្ស នៅឆ្នាំ១៨៤៨ ហើយនិងបានកែប្រែរាជការកិច្ចជាទូទៅ។ ព្រះអង្គចាប់ផ្តើមឲ្យសង់កំពែង និងផ្លូវគមនាគមន៍ ហើយរវាងឆ្នាំ១៨៥០ ព្រះអង្គបញ្ជាឲ្យមន្រ្តីធ្វើកេណ្ឌប្រជាជនឲ្យធ្វើកំពែងដី ដើម្បីការពារប៉ែកខាងកើតរាជធានី ហើយបានយកថវិកាពីឃ្លាំងរាជវាំងឲ្យកសាងផ្លូវថ្នល់ ដើម្បីឲ្យរាស្រ្តស្រែចំការដឹកជញ្ជូនភោគផលទៅដល់កំពង់ផែភ្នំពេញ។ ព្រះអង្គបានកែទម្រង់ពុទ្ធសាសនា។ អង្គដួង បានកសាងជាតិកម្ពុជាឡើងវិញ ទាំងផ្នែកវប្បធម៌ ទាំងផ្នែកសេដ្ឋកិច្ច។ ព្រះអង្គបានរើបម្រះចេញពីការត្រួតពិនិត្យ សៀម និងយួន ហើយងាកមករកបស្ចឹមប្រទេសវិញ(ពួកបាំរាំង)។ ព្រះអង្គ បានចូលទិវង្គតនៅឆ្នាំ១៨៦០។ ព្រះអង្គមានព្រះរាជបុត្រាពីរអង្គ បានឡើងគ្រងរាជ្យបន្តបន្ទាប់ស្នងពីព្រះអង្គ។ អង្គដួង រាជឧិសេសីលធម៌ និងជាពុទ្ធសាសនិកជនយ៉ាងខ្លាំងក្លា។ ស្នាព្រះហស្ថព្រះអង្គមាន រឿងកាកី និពន្ធនៅឆ្នាំ១៨១៥ និងច្បាប់ស្រី នៅឆ្នាំ១៨៣៧។ [1]