ម៉ារី ស្កូដូស្កា គុយរី
From Wikipedia, the free encyclopedia
ម៉ារី ស្កូដូស្កា គុយរី (Maria Salomea Skłodowska Curie) (៧ វិច្ឆិកា ១៨៦៧ - ៤ កក្កដា ១៩៣៤) គឺជារូបវិទូ និងគីមីវិទូជនជាតិប៉ូឡូញ-បារាំងដ៏ល្បីល្បាញដែលបានត្រួសត្រាយការស្រាវជ្រាវអំពីវិទ្យុសកម្មដំបូងគេ។ គាត់គឺជាមនុស្សដំបូងគេដែលទទួលបានរង្វាន់ណូបែលពីរគឺ ផ្នែករូបវិទ្យា និងផ្នែកគីមីវិទ្យា[1] ។ គាត់គឺជាស្ត្រីទីមួយដែលបានក្លាយជាសាស្ដ្រាចារ្យនៅឯសាកលវិទ្យាល័យប៉ារីស ។ គាត់គឺជាស្ត្រីដំបូងដែលត្រូវបានគេបញ្ចុះសពនៅក្នុងវិមានប៉ារីសប៉ង់តេអុង (១៩៩៥) ដោយសារគុណសម្បត្តិរបស់គាត់។
Marie Skłodowska Curie | |
ម៉ារី ស្កូដូស្កា គុយរី ១៩២០ | |
កើតនៅ | ថ្ងៃទី ៧ វិច្ឆិកា ១៨៦៧ វ៉ារស្សាវ៉ា, ផ្នែករបស់ប៉ូឡូញ កាន់កាប់ដោយ រុស្ស៊ី |
មរណភាព | ថ្ងៃទី ៤ កក្កដា ១៩៣៤ ប៉ាស់ស៊ី, អូតសាវ័រ, បារាំង |
សញ្ជាតិ | រុស្ស៊ី, បារាំង |
ជនជាតិ | ប៉ូឡូញ |
ស្នាដៃសំខាន់ៗ | វិទ្យុសកម្ម, ប៉ូឡូញ៉ូម, រ៉ាដ្យូម |
រង្វាន់ | រង្វាន់ណូបែលផ្នែករូបវិទ្យា (១៩០៣) មេដាយដាវី (១៩០៣) មេដាយម៉ាតេអ៊ុជី (១៩០៤) រង្វាន់ណូបែលផ្នែកគីមីវិទ្យា (១៩១១) |
ស្វាមី | ព្យែរ គុយរី (១៨៩៥-១៩០៦) |
ហត្ថលេខា | |
គាត់ត្រូវបានគេដាក់ឈ្មោះថា ម៉ារីយ៉ា សាឡូមៀ ស្កូដូស្កា នៅពេលកើតក្នុងទីក្រុងវ៉ារស្សាវ៉ា (ពេលនោះជាដែនដីប៉ូឡូញកាន់កាប់ដោយរុស្ស៊ី) ហើយគាត់បានរស់នៅទីនោះរហូតដល់អាយុ ២៤ឆ្នាំ ។ ក្នុងឆ្នាំ ១៨៩១ គាត់បានតាមបងស្រីខ្លួនឈ្មោះ ប្រូនីស្វាវ៉ា ទៅសិក្សានៅទីក្រុងប៉ារីស ដែលជាកន្លែងគាត់បានបញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សា និងសម្រេចកិច្ចការវិទ្យាសាស្ត្រជាបន្តបន្ទាប់។ គាត់បានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យារួមគ្នាជាមួយប្ដីឈ្មោះ ព្យែរ គុយរី និងលោក អង់រី បិកកឺរ៉ែល។ គាត់បានឈ្នះរង្វាន់ណូបែលមួយទៀតក្នុងផ្នែកគីមីវិទ្យាតែម្នាក់ឯង ។ គាត់គឺជាស្ត្រីដំបូងគេដែលបានទទួលរង្វាន់ណូបែល និងបានដល់ទៅពីរក្នុងផ្នែកផ្សេងគ្នា។
ស្នាដៃរបស់គាត់រួមមានទ្រឹស្ដីស្ដីអំពីវិទ្យុសកម្ម (ពាក្យដែលអ្នកស្រីបង្កើត[2]) បច្ចេកទេសក្នុងការញែកធាតុអ៊ីសូតូបវិទ្យុសកម្ម និងបានរកឃើញធាតុវិទ្យុសកម្មពីរគឺ ប៉ូឡូញ៉ូម និង រ៉ាដ្យូម។ គាត់បានដឹកនាំការស្រាវជ្រាវដំបូងគេលើលោកក្នុងការព្យាបាលណេអូប្លាស់ (សាច់ដុះ)ដោយប្រើអ៊ីសូតូបវិទ្យុសកម្ម។ អ្នកស្រីជាស្ថាបនិកវិទ្យាស្ថានគុយរីទាំង២កន្លែងគឺ វិទ្យាស្ថានគុយរី (ប៉ារីស) និង វិទ្យាស្ថានគុយរី (វ៉ារស្សាវ៉ា)។
ស្កូដូស្កា ម៉ារី (ជាឈ្មោះដែលគាត់តែងហៅខ្លួនឯង) មិនដែលបាត់បង់មនោសញ្ចេតនាពីអត្តសញ្ញាណដើមជាជនជាតិប៉ូឡូញទេ ខណៈពេលដែលគាត់ក៏ជាពលរដ្ឋបារាំងដ៏ស្មោះត្រង់ដែរនោះ។ គាត់បង្រៀនភាសាប៉ូឡូញដល់កូនស្រីទាំងអស់របស់គាត់ និងបាននាំពួកគេទៅលេងប្រទេសប៉ូឡូញផងដែរ។ គាត់បានដាក់ឈ្មោះអោយធាតុគីមីដំបូងគេដែលគាត់រកឃើញថា ប៉ូឡូញ៉ូម (១៨៩៨) ដើម្បីជាកិត្តិយសដល់មាតុប្រទេសរបស់គាត់។ [3] ក្នុងកំឡូងសង្គ្រាមលោកលើកទី១គាត់បានក្លាយជាសមាជិការរបស់គណកម្មាធិការនៃប៉ូឡូញសេរី (Komitet Wolnej Polski)។[4] នៅឆ្នាំ១៩៣២ គាត់បានស្ថាបនាវិទ្យាស្ថានរ៉ាដ្យូម (សព្វថ្ងៃជា វិទ្យាស្ថានជំងឺមហារីក ម៉ារីយ៉ា ស្កូដូស្កា គុយរី) នៅទីក្រុងកំណើតរបស់គាត់គឺនៅ វ៉ារស្សាវ៉ា។