ទុក្ករបុគ្គល
From Wikipedia, the free encyclopedia
ទុក្ករបុគ្គល (អង់គ្លេស: Martyr) ជាមនុស្សដែលបានរងទុក្ខជាច្រើន ដោយត្រូវគេបៀតបៀន ឬត្រូវគេសម្លាប់ ដោយព្រោះតែជំនឿសាសនារបស់ខ្លួន។
នៅក្នុងសាសនាគ្រីស្ទ ទុក្ករបុគ្គលគឺសំដៅលើមនុស្សដែលប្ដូរជីវិតរបស់ខ្លួន ជាជាងចោលព្រះគ្រីស្ទ ដំណឹងល្អ ជំនឿ ឬគោលការណ៍ដ៏សុចរិតរបស់ខ្លួន។
ជាទូទៅ ទុក្ករបុគ្គលត្រូវបានបៀតបៀនដោយបក្សពួកដែលមានអំណាច ដោយត្រូវគេបង្ខំឲ្យគាំទ្រ ឬប្រកាសជាសាធារណៈគាំទ្រជំនឿរបស់ពួកមានអំណាចទាំងនោះ ឬត្រូវគេបង្ខំឲ្យបដិសេធជំនឿរបស់ខ្លួនជាសាធារណៈ។ ប្រសិនបើពួកគេមិនព្រមធ្វើតាមការបង្ខំរបស់ពួកទាំងនោះទេ នោះពួកគេនឹងមានទោស ឬត្រូវប្រហារជីវិត។ ពាក្យទុក្ករបុគ្គលនេះ ដើមដំបូងប្រើចំពោះតែអ្នកដែលរងទុក្ខ ដោយសារតែជំនឿសាសនារបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែក្រោយមកពាក្យនេះក៏ត្រូវបានប្រើចំពោះពួកអ្នកដែលត្រូវគេដាក់គុក ឬត្រូវគេសម្លាប់ ដោយសារតែការប្រកាន់យកបុព្វហេតុនយោបាយណាមួយដែរ។
ទុក្ករបុគ្គលភាគច្រើនត្រូវបានពួកអ្នកដែលដើរតាម ចាត់ទុកថាជាមនុស្សដ៏វិសុទ្ធ ឬគួរឲ្យគោរព ទាំងបានក្លាយជានិមិត្តរូបនៃភាពជាអ្នកដឹកនាំដ៏វិសេសអស្ចារ្យ និងមានវិរភាពក្នុងការប្រឈមមុខនឹងកាលៈទេសៈដ៏លំបាក។ ទុក្ករបុគ្គលដើរតួនាទីសំខាន់ នៅក្នុងសាសនា។