ព្រះមហាក្សត្រខ្មែរ From Wikipedia, the free encyclopedia
ព្រះបាទជយវម៌្មទី៦ រជ្ជកាល (១០៨០-១១០៧) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីជយវម្ម៌ទេវ។ រាជបុរោហិត ព្រាហ្មណ៍យោគេឝ្វរបណ្ឌិត តាមឯកសារលោកត្រឹង-ងា ថាទិវាករបណ្ឌិតទៅវិញ។ ព្រះអង្គមានជាប់សាច់សារលោហិតជាមួយនិងពួកអភិជននៃព្រះរាជវង្សានុវង្សនៅមហិធរបុរ ដែលស្ថិតនៅប៉ែកខាងជើងនៃកម្វុជទេឝ ព្រះបាទជយវម៌្មទី៦ បានប្រកាសថា ទ្រង់ជាស្តេចនៅគ្រិស្តសករាជឆ្នាំ ១០៨០ ក្នុងខណៈដែលប្រទេសជាតិស្ថិតក្នុងភាពវឹកវរក្នុងចុងរាជ្យព្រះបាទហឝ៌វម៌្មទី៣ ដែលជយវម៌្មទី៦ បានបះបោរនៅទិសខាងលិចនៃប្រទេស គឺនៅក្រុងមហិធរបុរ ដែលប្រហែលជាស្ថិតនៅខាងជើងឆៀងខាងលិចវាលទំនាបខាងលើនៃទន្លេមូល ក្នុងប្រទេសថៃ សព្វថ្ងៃ។ កំឡុងរជ្ជកាលនៃឧទយាទិត្យវម៌្មទី២ និង ហឝ៌វម៌្មទី៣មានការបះបោរផ្ទៃក្នុងមួយចំនួន និង ធ្វើសង្គ្រាមបរាជ័យជាមួយចាម្ប៉ា។[១] នៅឆ្នាំ១០៨២ ទ្រង់ ប្រកាសឡើងសោយរាជ្យដោយយកក្រុងមហិធរបុរ ជារាជធានី។ ក្នុងសិលាចារឹកនៅការផ្ដើមនៃរជ្ជកាលទ្រង់ ទ្រង់បានប្រកាសខ្លួនថាជាកូនចៅនៃទេវបុព្វបុរស ឫសីកម្វុស្វយម្ភុវ និង ទេវអប្សរ មេរា[២][៣] ផ្ទុយពីមានបុព្វការីជនជាខ្សែស្រឡាយស្ដេចទៅវិញ។ បើតាមគេប៉ាន់ស្មាន ប្រហែលទ្រង់មានប្រភពចេញមកពីវង្សស្ដេចត្រាញ់មួយ។ បើយោលទៅតាមសិលាចារឹកនៅភ្នំរុង និងតាមការសិក្សាស្រាវជ្រាវរបស់លោកហ៊្សក-សឺដេស គេអាចដឹងថា ព្រះបិតាព្រះបាទជយវម៌្មទី៦ ព្រះនាមហិរណ្យវម៌្ម ហើយព្រះមាតាព្រះនាម ហិរណ្យលក្ឝ្មី។ ព្រះអង្គមានព្រះភាតាបង្កើតទាំងអស់បួនអង្គ ដែលគេស្គាល់ព្រះនាមតែពីរអង្គប៉ុណ្ណោះគឺ ធរណីន្ទ្រវម៌្មទី១ និងយុវរាជ។ ព្រះអង្គបានក្រោកបះបោរ ហើយវាយសង្កត់យកខេត្តភាគខាងលិចនៃប្រទេស។ ព្រះបាទជយវម៌្មទី៦ ត្រូវបានរៀបចំពិធីរាជាភិសេកដោយព្រះគ្រូព្រាហ្មណ៍បុរោហិត របស់ព្រះបាទហឝ៌វម៌្មទី៣ ឈ្មោះទិវាករបណ្ឌិត (យោគេឝ្វរបណ្ឌិត) ដែលប្រហែលជាមានហេតុកើតទំនាស់អ្វីជាមួយព្រះរាជាក្រុងអង្គរ ឬដោយប្រាថ្នាលាភសក្ការៈ រួចចាកចោលក្រុងអង្គរ ទៅបំរើរាជវង្សថ្មីនេះ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅឯរាជធានីអង្គរឯណោះវិញ ព្រះរាជាដែលឡើងសោយរាជ្យស្របច្បាប់បន្តពីព្រះបាទហឝ៌វម៌្មទី៣ គឺព្រះបាទន្ឫបតេន្ទ្រវម៌្មទី២ ដែលត្រូវបានរៀបចំអភិសេក ក្រោយពីពេលដែលព្រះបាទហឝ៌វម៌្មទី៣ សោយទិវង្គតទៅ។ ជយវម៌្មទី៦មិនមែនអ្នកនៅក្នុងវណ្ណៈស្ដេចទេ។ ជយវម៌្មទី៦ជាមន្ត្រីម្នាក់ ដែលក្បត់ស្ដេច ធ្វើរដ្ឋប្រហារដណ្ដើមរាជ្យ ហើយក្លាយទៅជាស្ដេច ដោយដាក់ឈ្មោះថ្មីជា ជយវម៌្មទី៦។ តាមព្រហ្មញ្ញសាសនា ស្ដេចអង្គនេះ ដែលមកពីវណ្ណៈមន្ត្រី មិនអាចឡើងចូលទៅក្នុងវណ្ណៈស្ដេចបានទេ។ ប៉ុន្តែ ដោយព្រះអង្គគោរពប្រកាន់យកពុទ្ធសាសនា ដែលជាសាសនាមិនប្រកាន់វណ្ណៈ អាចទទួលស្គាល់ និងគោរពថា ជយវម៌្មទី៦ ជាស្ដេចពេញអង្គបាន។ សូយ៌្យវម៌្មទី២ ដែលមានកំណើតក្នុងវណ្ណៈស្ដេចពិតប្រាកដ បានមកកាន់ព្រហ្មញ្ញសាសនាវិញ។ សូយ៌្យវម៌្មទី២ ដែលបានឡើងសោយរាជ្យ ដោយសំលាប់ស្ដេច ដែលមានជាប់សាច់ឈាមជាមួយជយវម៌្មទី៦។ ជយវម៌្មទី៧ ដែលកាន់ពុទ្ធសាសនា គឺជាស្ដេច ដែលមានជាប់សាច់ឈាមជាមួយជយវម៌្មទី៦ ដែលជាស្ដេចមកពីវណ្ណៈមន្ត្រី។ (បើរាប់ទាំងស្ទួនដល់ទៅបីអង្គ ទ្រង់ត្រូវលេខរៀងថា ជយវម៌្មទី៩) [៤]
ជយវម៌្មទី៦ | |||||||||
---|---|---|---|---|---|---|---|---|---|
ព្រះបាទ | |||||||||
រជ្ជកាល | គ.ស ១០៨០-១១០៧ | ||||||||
រាជ្យមុន | ហិរណ្យវម៌្ម | ||||||||
រាជ្យបន្ត | យុវរាជ | ||||||||
ស្វាមី/មហេសី | វិជយេន្ទ្រលក្ឝ្មី | ||||||||
| |||||||||
សន្តតិវង្ស | មហិធរបុរ | ||||||||
បិតា | ហិរណ្យវម៌្ម | ||||||||
មាតា | ហិរណ្យលក្ឝ្មី |
ក្នុងរាជ្យរបស់ព្រះបាទន្ឫបតេន្ទ្រវម៌្មទី២ ទ្រង់បានទទួលច្បាំងជាមួយព្រះបាទជយវម៌្មទី៦ ដែលបានសោយរាជ្យនៅខាងលិចនៃប្រទេស។ ថ្វីត្បិតតែព្រះបាទជយវម៌្មទី៦ អាចវាយទន្ទ្រានយកបានខេត្តទាំងឡាយភាគខាងជើង និងភាគខាងកើតក្តី ក៏ប៉ុន្តែតំបន់អង្គរ ខេត្តទាំងឡាយភាគខាងលិច និងខាងត្បូងបឹងទន្លេសាប នៅតែស្មោះត្រង់នឹងព្រះរាជាក្រុងអង្គរដដែល។ ជយវម៌្មទី៦ប្រហែលជាបានជាប់ដៃក្នុងការតស៊ូប្រឆាំងជាច្រើនឆ្នាំរបស់អ្នកដែលមានភក្ដីភាពទៅនឹងខ្សែស្រឡាយស្របច្បាប់នៃហឝ៌វម៌្មទី៣ និង រជ្ជទាយាទរបស់ទ្រង់គឺ ន្ឫបតេន្ទ្រវម៌្មទី២ ដែលបានសោយរាជ្យនៅអង្គររហូតដល់ឆ្នាំ ១១១៣។[៥]
ព្រះបាទន្ឫបតេន្ទ្រវម៌្មទី២ ទ្រង់សោយរាជ្យនៅរាជធានីអង្គរ មានរយៈពេលស្មើគ្នា និងរាជ្យមហាក្សត្របីអង្គទៀត នៅភាគខាងលិចនៃប្រទេស គឺព្រះបាទជយវម៌្មទី៦ យុវរាជ និងព្រះបាទធរណេន្ទ្រវម៌្មទី១ គឺរហូតដល់ឆ្នាំ១១១៣ ក្រោយពេលដែលព្រះបាទសូយ៌្យវម៌្មទី២ បានក្រោកបះបោរឡើង ហើយធ្វើគត់ព្រះបាទធរណេន្ទ្រវម៌្មទី១ ជាស្ដេចភាគខាងលិចបាន រួចបន្តលើកទ័ពមកច្បាំងជាមួយព្រះអង្គជាស្ដេចសោយរាជ្យនៅអង្គរនេះទៀត។ ទីបំផុត ព្រះបាទន្ឫបតេន្ទ្រវម៌្មទី២ ត្រូវព្រះបាទសូយ៌្យវម៌្មទី២ ធ្វើគត់បាន ហើយបង្រួបបង្រួមទឹកដីខ្មែរអោយចូលគ្នាឡើងវិញនៅឆ្នាំ ១១១៣ នៃគ្រិស្ដសករាជនោះ។
ដូច្នេះយើងឃើញប្រទេសកម្ពុជាចែកជានគរពីរដែលមានស្ដេចពីរសោយរាជ្យ គឺព្រះបាទន្ឫបតេន្ទ្រវម៌្មទី២ ដែលត្រួតត្រាគ្រប់គ្រងទឹកដីផ្នែកខាងត្បូង និងព្រះបាទជយវម៌្មទី៦ ដែលកាន់កាប់ទឹកដីផ្នែកខាងជើងជួរភ្នំដងរែក ព្រះអង្គបានធ្វើចំបាំងវាតទឹកដីយកប្រទេសជិតខាង ដែលស្ថិតក្នុងភូមិភាគខាងជើងកម្ពុជា ឬខាងជើងភ្នំដងរែក មកដាក់ជានគរចំណុះ បញ្ចូលឲ្យនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ព្រះអង្គ។ ទិដ្ឋភាពបែងចែកទឹកដី មួយខាងជើង មួយខាងត្បូងដោយយកជួរភ្នំដងរែកជាព្រំដែនសីមាបញ្ជាក់ឲ្យយើង សន្និដ្ឋានបានថា ធាតុដើមនៃនគរវ្នំ និងកម្វុជ កម្វុជគោក និងកម្វុជទឹក មានការពិបាកជាច្រើនក្នុងការរំលាយខ្លួនបញ្ចូលជាកម្ពុជាតែមួយ។ ទោះបីជាមានការខំប្រឹងប្រែងបង្រួបបង្រួម បង្កបង្កើតឲ្យមានលក្ខណៈឯកភាពជាតិអំពីសំណាក់ព្រះមហាក្សត្រខ្មែរដែល ធំខ្លាំងពូកែ ក្លាហានដូចម្ដេចក៏ដោយ។ [៦]ដើម្បីពង្រីកអានុភាពអាទិទេព គឺអំណាចរបស់ព្រះអង្គ ព្រះបាទជយវម៌្មទី៦ ទ្រង់បានកសាងបូជនីយដ្ឋានជាច្រើន ឧទ្ទិសចំពោះព្រះពុទ្ធផង និងចំពោះព្រះឥសូរ ផង ដូចជា បានបន្តការកសាងនៅភ្នំសណ្ដក នៅភ្នំព្រះវិហារ នៅវត្តភូ និងវិមាយជាដើម។ ព្រះអង្គទទួលបានបច្ឆាមរណនាមថា វ្រះបាទបរមកៃវល្យបទ។ [៧] [៨]
ព្រះធរណេន្ទ្រវម៌្មទី១ ជាព្រះជេដ្ឋា គួរតែបានសោយរាជសម្បត្តិមុនព្រះបាទជយវម៌្មទី៦ ដ៏ជាព្រះអនុជ នេះហេតុម្ដេចព្រះអនុជបានសោយរាជ្យមុនព្រះរៀមទៅវិញ? មានបរិហារថា: ការសោយរាជ្យរបស់ព្រះបាទជយវម៌្មទី៦នោះ មិនបានប្រព្រឹត្តទៅតាមកំដាប់នៃច្បាប់រាជសន្តតិវង្សទេ គឺក្នុងពេលនោះមានការណ៍បះបោរក្នុងនគរ ព្រះបាទជយវម៌្មទី៦ ស្ដេចចេញកំរាបទាល់តែរាបទាបទៅវិញ ដូច្នេះរាជសម្បត្តិទើបបានទៅព្រះអង្គដូចពោលមក កាលទ្រង់សោយទិវង្គតហើយ គ្មានរាជឱរសនឹងទទួលរាជសម្បត្តិស្នង គេទើបអញ្ជើញព្រះជេដ្ឋាធិរាជដែលជាព្រះរាជវង្សជាន់ខ្ពស់ ឲ្យទទួលគ្រងរាជសម្បត្តិតមក។[៩]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.