![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/7/70/Sihanoukville_City_image_montage.jpg/640px-Sihanoukville_City_image_montage.jpg&w=640&q=50)
ក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)
ក្រុងនៅក្នុងប្រទេសកម្ពុជា / From Wikipedia, the free encyclopedia
ក្រុងព្រះសីហនុ ឬអាចហៅបានថា កំពង់សោម គឺជាទីក្រុងទេសចរណ៍និងសេដ្ឋកិច្ចដ៏សំខាន់មួយដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ភាគនិរតីនៃប្រទេសកម្ពុជា ជាប់នឹងឈូងសមុទ្រថៃ។ ឈ្មោះទីក្រុងនេះគឺយកតាមអតីតព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តម សីហនុ។ គិតត្រឹមឆ្នាំ២០០៨ ក្រុងព្រះសីហនុមានប្រជាជនរស់នៅប្រមាណ ៨៩,៨០០ នាក់ និង ៦៦,៧០០ នៅមណ្ឌលក្រុង។[2]
ក្រុងព្រះសីហនុ កំពង់សោម | |
---|---|
ទីក្រុង | |
![]() | |
![]() នៅក្នុងស្រុកមិត្តភាព (ក្រហមចាស់) និងខេត្តព្រះសីហនុ (ស្វាយ) នៅក្នុងស្រុកមិត្តភាព (ក្រហមចាស់) និងខេត្តព្រះសីហនុ (ស្វាយ) | |
ប្រទេស | ![]() |
ខេត្ត | ខេត្តព្រះសីហនុ |
ទីក្រុង | ទីក្រុងនៃខេត្តព្រះសីហនុ |
ទីក្រុង | ២២ វិច្ឆិកា ១៩៥៧[1] |
ដាក់ឈ្មោះតាម | នរោត្តម សីហនុ |
រដ្ឋាភិបាល | |
• អភិបាលក្រុង | សរ កក្កដា (គបក) |
ផ្ទៃក្រឡា | |
• សរុប | ៨០ គម2 (៣០ ម៉ាយ ការ) |
រយៈកំពស់ | ១៥ m (៤៥ ft) |
ប្រជាជន (២០០៨) | |
• សរុប | ៨៩៨៤៦ |
• ចំណាត់ថ្នាក់ | ទី៧ |
• ទីប្រជុំជន | ៦៦៧២៣ |
• ទីប្រជុំជន Density | ៨៣៤/km2 (២១៦០/sq mi) |
• ស្រុក | ៨៩៨៤៦ |
ល្វែងម៉ោង | ICT (ម.ស.ស.+៧) |
Postal code | ១៨០០០ |
ក្រមផ្ទៃដាល | ០៣៤ |
ក្រុងព្រះសីហនុបានគ្របដណ្តប់លើសង្កាត់នៃខេត្តព្រះសីហនុចំនួនប្រាំមួយ។ ដំបូងជាទីប្រជុំជនតូចមួយ ក្រុងព្រះសីហនុបានចាប់វិវឌ្ឍន៍ឡើងស្របជាមួយនឹងការសាងសង់នូវកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅអំឡុងខែមិថុនា ឆ្នាំ១៩៥៥ ដើម្បីបើកផ្លូវឱ្យកម្ពុជាចូលធ្វើពាណិជ្ជកម្មអន្តរជាតិតាមសមុទ្រ។ កំពង់ផែក្រុងព្រះសីហនុគឺជាកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជាដែលមានស្ថានីយ៍ប្រេងកាតនិងសុខូបត្ថម្ភវត្ថុដឹកជញ្ជូនភស្តុភារ។[3] ជាលទ្ធផល ទីក្រុងនេះបានរីកចម្រើនក្លាយជាមជ្ឈមណ្ឌលជាតិឈានមុខគេខាងពាណិជ្ជកម្ម ការដឹកជញ្ជូន និងផលិតកម្ម។[4][5][6]
ក្រុងព្រះសីហនុគឺពោរពេញទៅដោយឆ្នេរខ្សាច់និងកោះដ៏ស្រស់ស្អាតជាច្រើនដែលធ្វើឱ្យវាក្លាយជារមណីយដ្ឋានមាត់សមុទ្រដំបូងគេរបស់ប្រទេសកម្ពុជាដែលទាក់ទាញចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិតាំងពីចុងសតវត្សទី២០ មកម្លេះ។[7]
ជាលទ្ធផលនៃភាពសប្បូរបែបនៃសេដ្ឋកិច្ចចម្រុះ បរិស្ថានធម្មជាតិ និងការកើនឡើងនៃចំនួនជនបរទេសមករស់នៅជាបណ្តោះអាសន្នឬជាអចិន្ត្រៃយ៍ បានធ្វើឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងដែលមានវប្បធម៌និងប្រជាជនចម្រុះច្រើនបំផុតនៅប្រទេសកម្ពុជា។ អនាគតនៃក្រុងព្រះសីហនុនឹងត្រូវកំណត់ដោយសមត្ថភាពរបស់អាជ្ញាធរក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានជោគជ័យហើយភាពចាំបាច់ក្នុងការអភិវឌ្ឍន៍ទីក្រុងនិងតំបន់កោះដើម្បីបង្កើនចំនួនភ្ញៀវទេសចរ ពង្រីកហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម និងកំណើនប្រជាជន។[8][9][10]
ជាលទ្ធផលនូវសង្គ្រាមដែលបានអូសបន្លាយជាច្រើនទស្សវត្ត ក្រុងព្រះសីហនុត្រូវបានរងនូវភាពខូចខាត និងភាពចលាចល ជាពិសេសគឺផ្នែកស្ថាបត្យកម្ម។[11] បញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅតែបន្តកើតមានជាពិសេសទាក់ទងនឹងការផ្គត់ផ្គង់ទឹកនិងថាមពលខណៈពេលដែលសេវាមណ្ឌលសុខភាពនៅមានកម្រិតខ្សោយនៅឡើយ។[12] មិនត្រឹមតែប៉ុណ្ណោះ ក្រុងព្រះសីហនុក៏ប្រឈមនឹងបញ្ហាទាក់ទងនឹងឧក្រិដ្ឋកម្ម សន្តិសុខ និងសុវត្ថិភាពផងដែរដោយមានរឿងអាស្រូវជាច្រើនទាក់ទងនឹងក្រុមឧក្រិដ្ឋកម្មទាំងធ្ងន់ធ្ងរនិងធូរស្រាល ហើយនិងអំពើពុករលួយ។[13][14]
នៅរយៈពេលថ្មីៗនេះ គេបានឃើញថាកម្រិតនៃការវិនិយោគរបស់ចិនបានកើនឡើងយ៉ាងខ្ពស់នៅក្រុងព្រះសីហនុដោយមានកាស៊ីណូជាច្រើនត្រូវបានបើកដំណើរការ។[15] ជាតិពន្ធនៃក្រុងព្រះសីហនុបានមានការផ្លាស់ប្តូរច្រើនដោយសារកម្មករ ក្រុមហ៊ុន និងអ្នកវិនិយោគចិនរាប់ពាន់នាក់បានមកតាំងទីលំនៅនៅទីនេះ។[15][16] គិតត្រឹមឆ្នាំ២០១៩ ជនជាតិចិនប្រមាណ ៨០,០០០ នាក់កំពុងមានទីលំនៅនៅក្រុងព្រះសីហនុដែលស្មើនឹង ៩០% នៃជនបរទេសដែលរស់នៅក្នុងទីក្រុង។[17] ស្លាកចិនកុកងឺកំពុងជំនួសស្លាកជាភាសាខ្មែរនិងអង់គ្លេសបន្តិចម្តងៗហើយសកម្មភាពឧក្រិដ្ឋកម្មក៏កំពុងតែកើនឡើងផងដែរ។[15][16] ក្រុងព្រះសីហនុគឺត្រូវជាទីក្រុងដ៏សំខាន់មួយក្នុងចំណោមទីក្រុងដែលស្ថិតនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយរបស់សាធារណរដ្ឋប្រជាមានិតចិន។[15]