អាមេរិកខាងជើង
ទ្វីប / From Wikipedia, the free encyclopedia
អាមេរិកខាងជើង (ភាសាអង់គ្លេស៖ North America; ភាសាបារាំង៖ Amérique du Nord) គឺជាទ្វីបមួយស្ថិតនៅអឌ្ឍគោលខាងជើងនិងមួយផ្នែកធំគឺស្ថិតនៅអឌ្ឍគោលខាងលិច។ នៅពេលខ្លះ អាមេរិកខាងជើងក៏អាចចាត់ទុកបានដែរថាជាឧបទ្វីបមួយនៃទ្វីបអាមេរិកទាំងមូល។[2][3] ទ្វីបនេះមានគល់ដែនជាប់នឹងមហាសមុទ្រអាកទិកនៅភាគខាងជើង ភាគខាងកើតជាប់នឹងមហាសមុទ្រអាត្លង់ទិក ភាគខាងលិចនិងត្បូងជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក និងនៅភាគអាគ្នេយ៍ជាប់នឹងអាមេរិកខាងត្បូងហើយសមុទ្រការ៉ាអ៊ីប។
ផ្ទៃក្រឡា | ២៤,៧០៩,០០០ គម២ (ទី៣) |
---|---|
ចំនួនប្រជាជន | ៥៧៩,០២៤,០០០ (២០១៦; ចំណាត់ថ្នាក់ទី៤) |
សន្ទភាពប្រជាជន | ២២.៩/គម២[lower-alpha 1] |
ប្រទេស | រដ្ឋអធិបតេយ្យចំនួន ២៣ (list of countries) |
Dependencies | តំបន់អធិបតេយ្យចំនួន២៣ |
ភាសា | ភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង និងភាសាជាច្រើនទៀត |
ល្វែងម៉ោង | UTC-១០ ទៅ UTC |
ទីក្រុងសំខាន់ៗ | បញ្ជីទីក្រុង៖[1]
|
អាមេរិកខាងជើងគ្របដណ្តប់លើផ្ទៃដីប្រមាណ ២៤,៧០៩,០០០ គីឡូម៉ែត្រការ៉េ (ស្មើនឹង ៩,៥៤០,០០០ ម៉ាយការ៉េ) ប្រហែល ១៦.៥% នៃផ្ទៃផែនដី និងប្រហែល ៤.៨% នៃផ្ទៃដីសរុប។ បើគិតតាមទំហំផ្ទៃដី អាមេរិកខាងជើងគឺទ្វីបធំជាងគេបង្អស់ទីបីដោយនៅពីក្រោយទ្វីបអាស៊ីនិងអាហ្រ្វិក[4] ហើយជាប់លំដាប់ថ្នាក់លេខបួនខាងចំនួនប្រជាជនដោយនៅពីក្រោយទ្វីបអាស៊ី អាហ្រ្វិក និងអឺរ៉ុប។[5] នៅក្នុងឆ្នាំ២០១៣ ចំនួនប្រជាជននៅទ្វីបមួយនេះត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនជិត ៥៧៩ លាននាក់នៅក្នុងរដ្ឋឯករាជ្យទាំង ២៣ ឬប្រហែល ៧.៥% នៃចំនួនប្រជាជនពិភពលោកបើរាប់ទាំងកោះនៅជុំវិញ (ជាពិសេសគឺនៅជុំវិញតំបន់ការ៉ាអ៊ីប)។
វត្តមានមនុស្សដំបូងៗនៅទ្វីបអាមេរិកខាងជើងបានចាប់ផ្តើមនៅក្នុងយុគសម័យផ្ទាំងទឹកកកចុងក្រោយដោយឆ្លងតាមតំបន់ប៊ីរីងហ្គី ប្រហែលពី ៤០,០០០ ទៅ ១៧,០០០ ឆ្នាំមុន។ បន្ទាប់មក មនុស្សនៅទ្វីបនេះបានឆ្លងកាត់យុគសម័យមួយទៀតដែលគេតែងសម្តៅលើថាប៉ាលីអូអាមេរិកាំងដោយវាបានបញ្ចប់កាលពី ១០,០០០ ឆ្នាំមុន។ សម័យបុរាណនៅអាមេរិកខាងជើងបានចាប់ផ្តើមពីសតវត្សទី៦ ដល់ទី១៣។ សម័យបុរេកូឡុំប៊ីនបានបញ្ចប់នៅឆ្នាំ១៤៩២ ហើយការធ្វើចំណាកស្រុកឆ្លងសមុទ្រអាត្លង់ទិកក៏បានចាប់ផ្តើមពោលគឺការមកដល់នៃជនជាតិអឺរ៉ុបនៅអំឡុងយុគសម័យនៃការរុករកនិងដើមសម័យទំនើប។ លំនាំវប្បធម៌និងក្រុមជនជាតិនាពេលបច្ចុប្បន្នគឺជាការឆ្លុះបញ្ចាំងពីអន្តរកម្មរវាងពួកអាណានិគមអឺរ៉ុប ជនជាតិដើមភាគតិច ទាសករមកពីទ្វីបអាហ្វ្រិក ជនអន្តោប្រវេសន៍មកពីទ្វីបអឺរ៉ុបនិងអាស៊ី និងកូនចៅទាំងប៉ុន្មានរបស់ពួកគេ។
ដោយសារតែអាណានិគមកិច្ចរបស់ពួកអឺរ៉ុបនៅលើទ្វីបអាមេរិក ជនជាតិអាមេរិកខាងជើងបច្ចុប្បន្នអាចនិយាយភាសាអឺរ៉ុបបានដោយរលូនមានដូចជា ភាសាអង់គ្លេស ភាសាអេស្ប៉ាញ ឬភាសាបារាំងជាដើម ហើយវប្បធម៌របស់រដ្ឋពួកគេនីមួយៗជាទូទៅគឺមានលក្ខណៈស្រដៀងគ្នាជាមួយនឹងប្រពៃណីលោកខាងលិច (ប្រពៃណីអឺរ៉ុប)។ ក៏ប៉ុន្តែនៅផ្នែកខ្លះនៃទ្វីប ជាពិសេសនៅក្នុងប្រទេសម៉ិកស៊ិកនិងតំបន់អាមេរិកកណ្តាល ប្រជាជនគេភាគច្រើននូវតែបន្តប្រពៃណីវប្បធម៌ទំនាមទម្លាប់ជនជាតិដើមនិងនិយាយភាសាផ្ទាល់ខ្លួន។